ភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក (ភាពស៊ាំនឹងថ្នាំផ្សះ)
  
Translated

(នាម) លទ្ធភាពរបស់បាក់តេរីក្នុងការបញ្ឈប់ពីការសម្លាប់ ឬសកម្មភាពប្រឆាំងរបស់ឱសថអង់ទីប៊ីយោទិកមួយប្រភេទ (ឬច្រើនប្រភេទ) មកលើវា។

 

"«ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត និងមិនត្រឹមត្រូវ អាចធ្វើឱ្យមានភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក។»"

 

"«ទោះបីជាការប្រើប្រាស់ត្រឹមត្រូវនិងតាមវេជ្ជបញ្ជាក៏ដោយ ក៏ឱសថអង់ទីប៊ីយោទិកនៅតែអាចធ្វើឱ្យបាក់តេរីវិវត្តទៅរកភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិកបានដែរ។ ប៉ុន្ដែ ភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិកមានការកើនឡើងជាលំដាប់ នេះក៏ព្រោះតែការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកនៅពេលពុំចាំបាច់និងលើសកម្រិត។» [១]"

 

ដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិក

(គុណនាម) ដែលមានលទ្ធភាពក្នុងការបញ្ឈប់សកម្មភាពរបស់ឱសថអង់ទីប៊ីយោទិកប្រឆាំង ឬសម្លាប់ពួកវា។

 

"«ការបង្ករោគដោយបាក់តេរីដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិក នាពេលថ្មីៗនេះ បានឆក់យកជីវិតមនុស្សប្រមាណ ៥០ ០០០នាក់ជារៀងរាល់ឆ្នាំ ដូចជា បណ្ដាប្រទេសនៅអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។» [១]"

 

Learning point

តើអ្វីជាមូលហេតុនាំឱ្យមានភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក?

 

ភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិកខ្លះកើតឡើងពីធម្មជាតិ។ នេះក៏ព្រោះតែឱសថអង់ទីប៊ីយោទិកមួយចំនួនដូចជាឱសថ    ប៉េនីស៊ីលីន (Penicillin) ដែលបង្កើតចេញពីពពួកផ្សិត ឬបាក់តេរីផ្សេងទៀត អាចត្រូវបានរកឃើញនៅក្នុងដី។ ដើម្បីរស់រានមានជីវិត ពួកមីក្រុប (រួមមាន៖ បាក់តេរី វីរុស ប៉ារ៉ាស៊ីត និង ពពួកផ្សិត) អាចធ្វើការសម្របខ្លួនបន្តិចម្តងៗនិងប្រែក្លាយទៅជាស៊ាំនឹងឱសថអង់ទីប៊ីយោទិក។ ទោះបីជាយ៉ាងនេះក្តី ជាធម្មតាសារធាតុឱសថអង់ទីប៊ីយោទិកនៅក្នុងបរិស្ថានមានកម្រិតទាបបំផុត ហើយការបង្ករោគដោយបាក់តេរីដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិក គឺកើតមានដោយកម្រនៅទស្សវត្សឆ្នាំ១៩៣០ (ភ្លាមៗបន្ទាប់ពីការបង្កើតឱសថប៉េនីស៊ីលីន (Penicillin))។

 

ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត និងមិនត្រឹមត្រូវ បានកំពុងធ្វើឱ្យមានការកើនឡើងនូវអត្រានៃភាពស៊ាំនឹងឱសថដែលកំពុងវិវត្ដ និងរាតត្បាតពាសពេញពិភពលោក។ តាមការប៉ាន់ស្មាន ឱសថអង់ទីប៊ីយោទិក ប្រហែល ២០០ ០០០ ទៅ ២៥០ ០០០ តោន ត្រូវបានផលិត និងប្រើប្រាស់ទូទាំងពិភពលោករៀងរាល់ឆ្នាំ។  [១] [២] ប្រហែល ៧០% នៃឱសថអង់ទីប៊ីយោទិកត្រូវបានប្រើប្រាស់លើសត្វ និង៣០% លើមនុស្ស។

 

ភាគច្រើននៃឱសថអង់ទីប៊ីយោទិកដែលប្រើលើមនុស្សនិងសត្វ  គឺបញ្ចេញចោលមកវិញតាមទឹកនោម និងលាមក ហើយហូរចូលទៅក្នុងប្រព័ន្ធទឹកស្អុយ និងប៉ះពាល់ដល់បរិស្ថាន។ បន្ទាប់ពីប៉ះពាល់នឹងសារធាតុឱសថអង់ទីប៊ីយោទិក   បាក់តេរី ដែលរស់នៅលើខ្លួនមនុស្ស និងសត្វអាចវិវត្តទៅជាស៊ាំនឹងឱសថអង់ទីប៊ីយោទិក ហើយ បាក់តេរីដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិកទាំងនោះនឹងអាចចម្លងទៅមនុស្សដទៃទៀត និងទៅបរិស្ថាន[២] [៣]

 

អ្នកដែលឈឺដោយសារការបង្ករោគដោយបាក់តេរី គឺត្រូវតែព្យាបាលដោយឱសថអង់ទីប៊ីយោទិក ប៉ុន្ដែបើមិនបង្ករោគដោយបាក់តេរី មិនគួរប្រើឱសថអង់ទីប៊ីយោទិកនោះទេ។  លោក អេឡិចសេនដឺ ហ្លេមីង (Alexander Fleming) ដែលជាអ្នករកឃើញឱសថប៉េនីស៊ីលីន (Penicillin) បានធ្វើការទស្សន៍ទាយ ពីបញ្ហានៃភាពស៊ាំនឹងឱសថអង់ទីប៊ី-យោទិក តាំងពីដំបូងមកថា «បុគ្គលដែលប្រើប្រាស់ឱសថប៉េនីស៊ីលីន (Penicillin) ដើម្បីព្យាបាលជំងឺ ដោយខ្វះការពិចារណា គឺជាការទទួលខុសត្រូវខាងសីលធម៌ចំពោះការស្លាប់របស់មនុស្ស ដែលរងគ្រោះដោយសារការបង្ករោគដោយមេរោគស៊ាំនឹងឱសថប៉េនីស៊ីលីន (Penicillin)» ។

 

សព្វថ្ងៃនេះ ឱសថប៉េនីស៊ីលីន (Penicillin) ត្រូវបានប្រើប្រាស់តិចតួចបំផុត ដើម្បីព្យាបាលការបង្ករោគលើមនុស្សនិងសត្វ ពីព្រោះមេរោគដែលបង្កជំងឺញឹកញាប់គឺមានភាពស៊ាំទៅនឹងឱសថប៉េនីស៊ីលីន (Penicillin) រួចហើយ។     ឱសថអង់ទីប៊ីយោទិកជាច្រើនប្រភេទត្រូវបានប្រើប្រាស់ជំនួសឱសថប៉េនីស៊ីលីន (Penicillin)។ តាមការប៉ាន់ស្មាន ក្នុងមួយឆ្នាំៗមានមនុស្សស្លាប់ប្រមាណ ៧០០ ០០០នាក់ ដោយសារមេរោគស៊ាំឱសថអង់ទីប៊ីយោទិក តួលេខនេះអាចនឹងមានការកើនឡើងដល់ ១០ ០០០ ០០០នាក់ គិតត្រឹមឆ្នាំ២០៥០។ [២] យើងពុំទាន់ឃើញមានឱសថអង់-ទីប៊ីយោទិកក្រុមថ្មីសម្រាប់ទស្សវត្សនេះនៅឡើយទេ។

 

«យើងត្រូវការយុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសកល ដើម្បីអប់រំអំពីបញ្ហាស៊ាំនឹងឱសថ។ ខ្ញុំគិតថា វាជាបញ្ហាអាទិភាពមួយ។» [១]

 

តើអ្នកកំពុងប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវដែរឬទេ? សូមស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹង «ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ» ។

 

 

សេចក្ដីយោង

1 O'Neill, J. (2016, March 19). Tackling Drug-Resistant Infections Globally: Final Report and Recommendations. The Review on Antimicrobial Resistance. Retrieved from https://amr-review.org/sites/default/files/160525_Final paper_with cover.pdf

2 Sarmah, A. K., Meyer, M. T., & Boxall, A. B. (2006). A global perspective on the use, sales, exposure pathways, occurrence, fate and effects of veterinary antibiotics (VAs) in the environment. Chemosphere,65(5), 725-759. doi:10.1016/j.chemosphere.2006.03.026

3  Boeckel, T. P., Brower, C., Gilbert, M., Grenfell, B. T., Levin, S. A., Robinson, T. P., . . . Laxminarayan, R. (2015). Global trends in antimicrobial use in food animals. Proceedings of the National Academy of Sciences,112(18), 5649-5654. doi:10.1073/pnas.1503141112

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ